ចេញផ្សាយ៖ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ដោយបានការអញ្ជើញចូលរួមពីអង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក–លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង–ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ ផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលគ្រប់ផ្នែកជំនាញ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នាពេលកន្លងមកមានភាពល្អប្រសើរ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្សព្វផ្សាយបទបញ្ជារបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដាក់ចេញសម្រាប់ឆមាសទី១ ព្រមទាំងទិសដៅការងារសំខាន់ៗ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដោយជំរុញឱ្យកងកម្លាំងនគរបាលគ្រប់ផ្នែកជំនាញ យកចិត្តទុកដាក់អនុវត្ត ឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ស្របតាមតួនាទី ភារកិច្ច និងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។
បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំឱ្យកងកម្លាំងនគរបាលគ្រប់ផ្នែកជំនាញ និងអធិការដ្ឋាននគរបាលក្រុង–ស្រុកទាំងអស់ បន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ពិសេសការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការពង្រឹងសន្តិសុខតាមមូលដ្ឋាន ការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងបានសង្កត់ធ្ងន់លើការពង្រឹងការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា ព្រមទាំងយកចិត្តទុកដាក់លើការទប់ស្កាត់បទល្មើសតាមប្រព័ន្ធអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ហាគ្រឿងញៀន អំពើលួចករណីក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសដែលបង្កផលប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញឱ្យគ្រប់ផ្នែកជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងអនុវត្តទិសដៅការងារដែលបានដាក់ចេញ ឱ្យបានសកម្ម ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពល្អប្រសើរ និងប្រកបដោយភាពកក់ក្តៅ៕

