ចេញផ្សាយ៖ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៦
បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសាលាធម្មសភា ស្ថិតក្នុងវត្តព្រះសិអារ្យ ក្រុងសៀមរាប
ខេត្តសៀមរាប៖នៅថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០២៦នេះប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងព្រះសង្ឃ ជាសប្បុរសជនទាំងអស់ សប្បាយរីករាយក្នុងការធ្វើបុណ្យផ្កាប្រាក់សាមគ្គីរួមគ្នា ដើម្បីយកបច្ច័យមកកសាង សាលាធម្មសភា ស្ថិតនៅវត្តព្រះសិអារ្យ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ដែលផ្តួចផ្តើមដឹកនាំដោយ ព្រះគ្រូយសោធរញាណ ឡោម សុឈាត ព្រះចៅអធិការវត្តព្រះសិអារ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ធូ សារឿន និងលោកជំទាវ អ៊ុច ថេង ព្រមទាំងបុត្រ ឧត្តមសេនីយទោបណ្ឌិត សាយរឹទ្ធី សក្កិ លោកជំទាវគាត សុថាវី ព្រមទាំងបុត្រ លោក រ័ត្ន សុវណ្ណទី និងលោកស្រី សួន អ៉ីសា ព្រមទាំងបងប្អូន និង លោក នេត មុនីរតន៍ និងលោកស្រីហង្ស លីនី ព្រមទាំងបុត្រ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយផផងដែរ។
ព្រះយសោធរញ្ញាណ ឡោម សុឈាត មានថេរដីកាថា បុណ្យផ្កាប្រាក់សាមគ្គី គឺជាទំនៀមទម្លាប់ដ៏មានប្រជាប្រិយភាពមួយដែលផ្សារភ្ជាប់រវាងព្រះពុទ្ធសាសនា និងសាមគ្គីភាពក្នុងសង្គម ហើយក៏ជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់ ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងដើម្បីសាមគ្គីភាព ការបង្រួបបង្រួម ហើយប្រមូលថវិកាពីពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីយកមកកសាងសមិទ្ធផលនានាក្នុងវត្តអារាម ព្រមទាំងជួយទ្រទ្រង់កិច្ចការសង្គមផ្សេងៗ ដោយបុណ្យនេះបង្ហាញពីសាមគ្គីភាពរវាងព្រះសង្ឃអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលរួមគ្នាបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា និងកសាងបុណ្យកុសលរួមគ្នា។
ព្រះយសោធរញ្ញាណ ឡោម សុឈាត មានថេរដីកាបន្តបញ្ជាក់ថា ដោយសារការកសាងសមិទ្ធផលធំៗត្រូវចំណាយថវិកាច្រើនដែលបុគ្គលម្នាក់ៗមិនអាចធ្វើទៅរួច ដូច្នេះគឺត្រូវបង្កើតបុណ្យផ្កានេះឡើង ដើម្បីឱ្យអ្នកមានសទ្ធាជ្រះថ្លាអាចចូលរួមម្នាក់បន្តិចៗតាមកម្លាំងសទ្ធា រហូតបានជាទឹកប្រាក់ច្រើនដើម្បីសម្រេចការងាររួម។ តាមជំនឿព្រះពុទ្ធសាសនា ខ្មែរយើងជឿថាការបរិច្ចាគទ្រព្យធនដើម្បីប្រយោជន៍រួម និងប្រយោជន៍សាសនា គឺជាការសន្សំកុសលផលបុណ្យសម្រាប់ជាតិមុខ និងដើម្បីសេចក្ដីសុខក្នុងជាតិកាលនេះ។ ពិធីបុណ្យផ្កាប្រាក់សាមគ្គី គឺជាយន្តការនៃការចែករំលែក និងការរួមរួមកម្លាំងគ្នារបស់ប្រជាជនខ្មែរ ដើម្បីអភិវឌ្ឍសង្គម និងលើកកម្ពស់វិស័យសាសនា៕

