ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការសាកល្បងកញ្ចប់សេវាកម្មទេសចរណ៍ពិសេស ដើម្បីជំរុញទេសចរណ៍ខេត្តសៀមរាបក្នុងរដូវកាលបៃតង

ចេញផ្សាយ៖ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦

ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការសាកល្បងកញ្ចប់សេវាកម្មទេសចរណ៍ពិសេស ដើម្បីជំរុញទេសចរណ៍ខេត្តសៀមរាបក្នុងរដូវកាលបៃតង

សៀមរាប៖ដើម្បីចូលរួមជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប ក្នុងរដូវកាលបៃតងឱ្យមានភាពរស់រវើកថែមក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប សមាគមសណ្ឋាគារកម្ពុជាសាខាខេត្តសៀមរាប សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ព្រមទាំងទទួលបានការគាំទ្រពីអាជីវកម្មទេសចរណ៍នានា បានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ (2026 Siem Reap Tourism Service Mega Sale)

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់គោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជានិងការផ្សព្វផ្សាយការបញ្ចុះតម្លៃ (Mega Sales) សេវាទេសចរណ៍ខេត្តសៀមរាបក្នុងរដូវកាលបៃតង នៅខេត្តសៀមរាបនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា តាមរយៈការដាក់ដំណើរការសាកល្បងនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានការបញ្ចុះតម្លៃពិសេសចាប់ពី ១០% ដល់ ៥០% សម្រាប់សេវាកម្មកម្រិតផ្កាយ៣ រហូតដល់ផ្កាយ៥ ដោយភ្ញៀវទេសចរអាចធ្វើការកក់សេវាកម្មទេសចរណ៍តាមរយៈគេហទំព័រ www.cambodiawonder.com

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួងទេសចរណ៍ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន អ្នកផលិតមាតិកាទេសចរណ៍ និងក្រុមការងាររៀបចំទាំងអស់ ដែលបានសហការគាំទ្រ និងរួមចំណែកធ្វើឱ្យសិក្ខាសាលានេះ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ស្មារតីកិច្ចសហការដែលកើតចេញពីសិក្ខាសាលានេះ នឹងបន្តជំរុញឱ្យមានសកម្មភាពរួមប្រកបដោយប្រសិទ្ធភាព ក្នុងការលើកកម្ពស់ការតភ្ជាប់គោលដៅទេសចរណ៍ ការបង្កើនភាពប្រកួតប្រជែង និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

ឯកឧត្តម ប្រាក់ សោភ័ណ បន្តថា ក្នុងនាមគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឯកឧត្តម បានទទួលយកនូវរាល់អនុសាសន៍ និងធាតុចូល ដែលទទួលបានពីសិក្ខាសាលានេះ ដើម្បីបន្តសិក្សា សម្របសម្រួល និងជំរុញការអនុវត្តជាមួយភាគីពាក់ព័ន្ធ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *