ចេញផ្សាយ៖ថ្ងៃទី៥ខែសីហា ឆ្នាំ២០២៦
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ នៅខេត្តសៀមរាប
សៀមរាប៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» នៅសណ្ឋាគារសុខាខេត្តសៀមរាប។
កិច្ចប្រជុំកម្រិតកំពូលតំបន់នេះ ដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់សមាជិករដ្ឋសភា ព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំមុខងារសាធារណៈនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសដៃគូបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) និងអគ្គលេខាធិការអាស៊ាន តំណាងក្រសួង ស្ថាប័នថ្នាកជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គម និងវប្បធម៌របស់ អា ស៊ាននេះ មានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិក អាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុននិងកូរ៉េខាងត្បូង។
គោលបំណងចម្បងនៃកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) គឺដើម្បីជំរុញនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនិងភាពឆ្លើយតបនឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

