ចេញផ្សាយ៖ថ្ងៃទី៤ខែសីហាឆ្នាំ២០២៦
កម្លាំងចម្រុះ ចុះពិនិត្យទីតាំងលបដាក់នេសាទក្នុងភូមិសាស្រ្ដបឹងទន្លេសាបក្រុងសៀមរាប ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម
សៀមរាប៖កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារកម្លាំងចម្រុះ ចុះពិនិត្យទីតាំងលបនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប, ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប។
លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យការដាក់លបនេសាទនាពេលនេះ គឺដើម្បីធានាថាការនេសាទត្រូវបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តិ និងច្បាប់ដែលបានកំណត់។ ក្នុងករណីរកឃើញការដាក់លបនេសាទល្មើសច្បាប់ ឬខុសបទដ្ឋានបច្ចេកទេស ក្រុមការងារនឹងចាត់វិធានការរឹបអូសដោយគ្មានការលើកលែងឡើយ ដើម្បីអភិរក្សពូជត្រីនៅក្នុងបឹងទន្លេសាបឱ្យកាន់តែសម្បូរបន្ថែមទៀត។ ក្នុងប្រតិបត្តិការនេះដែរ ក្រុមការងារបានដកហូត និងរឹបអូសលបនេសាទ ដែលបានដាក់ល្មើសច្បាប់ (លើសប្រវែងដែលបានកំណត់) ព្រមទាំងបានប្រលែងកូនត្រីដែលជាប់ក្នុងលប ឱ្យចូលទៅក្នុងបឹងទន្លេសាបវិញ ដើម្បីទុកឱ្យវាធំធាត់ និងបន្តពូជ។ នាឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ និងណែនាំដល់ប្រជានេសាទទាំងអស់ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានជលផលដែលមានចែង ដើម្បីចៀសវាងការមានកំហុស។
សូមជម្រាបថា ក្នុងការចុះពិនិត្យទីតាំងដាក់លបនេសាទនេះ ក្រុមការងារ និងមន្ត្រីជំនាញបានពិនិត្យឧបករណ៍លបរ៉ាវបានចំនួន១៩ទីតាំង ដោយក្នុងនោះ ១៤ទីតាំង ប្រជានេសាទបានប្រើប្រាស់ក្រឡាសាច់អួនត្រឹមត្រូវតាមច្បាប់ស្តីពីជលផល និងបានធ្វើការរុះរើកាត់តម្រឹមរបាំងសាច់អួនចំនួន៥ទីតាំង ដែលលើសប្រវែងកំណត់។ លើសពីនេះ ក្រុមការងារបានដោះប្រលែងកូនត្រីចម្រុះចំនួន១១០គីឡូក្រាម និងចាក់លៀសចូលក្នុងទន្លេវិញចំនួន៤០០គីឡូក្រាម ៕

