ចេញផ្សាយ៖ថ្ងៃទី៨ខែសីហាឆ្នាំ២០២៦
ឃាតកម្មចាក់សម្លាប់ប្រពន្ធនៅស្រុកត្រាំកក់ខេត្តតាកែវពេលនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហេីយ
ខេត្តតាកែវ៖ ករណីឃាតកម្មដ៏សាហាវឃោឃៅមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១១ព្រឹក កាលពីថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦ ស្ថិតនៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បង្ករដោយបុរសជាប្តីបានប្រើកាំបិតចាក់ប្រពន្ធរបស់ខ្លួនប្រមាណ ៥កាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង រួចជនសង្ស័យបានរត់គេចខ្លួន ។
ជនរងគ្រោះឈ្មោះ និល ចាន់សុភា ភេទស្រី អាយុ៥០ឆ្នាំ ជាប្រពន្ធ ចំណែក ជនសង្ស័យជាប្តីឈ្មោះ ជុំ ផូ អាយុ៤៨ឆ្នាំ។ ក្រោយធ្វើសកម្មភាពចាក់លើជនរងគ្រោះ រួចជនសង្ស័យបានជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-4858 រត់គេចខ្លួនបាត់ស្រមោល ។
ក្រោយទទួលបានព័ត៌មានអំពីករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានធ្វើការចង្អុលបង្ហាញ និងដាក់បទបញ្ជាឱ្យកម្លាំងជំនាញ ចាត់វិធានការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យឱ្យបានឆាប់បំផុត។
ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការនគរបាលស្រុកពារាំង កម្លាំងនគរបាលស្រុកពារាំង បានសហការជាមួយកម្លាំងនគរបាលខេត្តតាកែវ និងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង ដោយបានរាយកម្លាំងតាមគោលដៅ និងគ្រប់ច្រកល្ហកដើម្បីស្វែងរកជនសង្ស័យ។
តាមរយៈកិច្ចសហការរវាងកម្លាំងសមត្ថកិច្ច និងការស្រាវជ្រាវយ៉ាងសកម្ម ជនសង្ស័យត្រូវបានសមត្ថកិច្ច តាមរកឃើញ និងចាប់ខ្លួនបាននៅក្នុងខេត្តព្រៃវែង ហើយបាននាំខ្លួនមកកាន់សមត្ថកិច្ច ដើម្បីបន្តនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំពោះ មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សារហូតឈានដល់ការសម្លាប់ប្រពន្ធ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងធ្វើការបំភ្លឺបន្ថែម ដើម្បីកំណត់មូលហេតុ និងព័ត៌មានពាក់ព័ន្ធនឹងករណីនេះ។
ការចាប់ខ្លួនជនសង្ស័យ បានយ៉ាងឆាប់រហ័សនេះ បង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហការរបស់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកជនប្រព្រឹត្តបទល្មើស និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

