គ្រូបង្រៀនម្នាក់នៅវិទ្យាល័យប៉ោយប៉ែត ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាសអនីតិជន

ចេញផ្សាយ៖ថ្ងៃទី៧ខែសីហាឆ្នាំ២០២៦

គ្រូបង្រៀនម្នាក់នៅវិទ្យាល័យប៉ោយប៉ែត ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាសអនីតិជន

ខេត្តបន្ទាយមានជ័យ៖កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី០៧ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជូនជនសង្ស័យជាគ្រូបង្រៀនម្នាក់ ទៅកាន់ សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងបទល្មើសប្រទូស្ដកេរខ្មាស មាន(ស្ថានទម្ងន់ទោស) ប្រព្រឹត្តលើកុមារីអាយុ១៦ឆ្នាំ។ យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងតាំងពីវេលាម៉ោង ១៦ និង ៣០នាទី កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចសាលាវិទ្យាល័យប៉ោយប៉ែតក្រុង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ជនសង្ស័យឈ្មោះ ជេស សង្អៃ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យខាងលើ បានធ្វើសកម្មភាពប្រទូស្ដកេរខ្មាសលើកុមារីរងគ្រោះឈ្មោះ . .. អាយុ ១៦ឆ្នាំ ជាអនីតិជន។ លុះដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០និង០០នាទី លោកស្រី រុន រចនា ប្រធានគណៈកម្មការកិច្ចការស្ត្រីនិងកុមារក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីរដ្ឋបាលក្រុងចំនួន០២នាក់ បាននាំកុមារីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ច។

ក្រោយទទួលបានបណ្ដឹងភ្លាម ក្រោមការដឹកនាំ និងសម្របសម្រួលផ្ទាល់ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកវរសេនីយ៍ត្រី គង់ រិទ្ធាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយលោកនាយកសាលា បានចុះឃាត់ខ្លួនជនសង្ស័យ៖ឈ្មោះជេស សង្អៃ ភ្លាមៗតែម្ដង។

ក្រោយការឃាត់ខ្លួន និងសួរនាំរួច លោកអនុសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចការចោទប្រកាន់ប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងការកសាងសំណុំរឿងរបស់កងរាជអាវុធហត្ថក្រុង ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ទើបនៅព្រឹកថ្ងៃទី៧ខែសីហា ឆ្នាំ២០២៦ នេះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *