25.07.2026
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ករណីលួចម៉ូតូនៅក្នុងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង
ភ្នំពេញ៖ ករណីជនសង្ស័យ៖ចំនួន០២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៥និង៣០នាទី ក្រោយពួកគេបានធ្វេីសកម្មភាពលួចយកម៉ូតូ ០១គ្រឿង ចេញមន្ទីរពេទ្យបង្អែកពោធិចិនតុង ស្ថិតក្នុងភូមិតាងួន២សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦វេលាម៉ោងប្រហែល០៣ និង៣០នាទី ទាបភ្លឺ យកទៅបាត់ស្រមោល ទើបសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនបាន ។
ជនសង្ស័យ៖ទាំង០២ នាក់ ១– ឈ្មោះ ឈិត ដារ៉ាពៅ ហៅ (អាតឿ)ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ (មិនពិត ប្រាកដ) មានទីលំនៅ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ ២– ឈ្មោះ ថន វីរះបុត្រ ហៅ (ភស្សី)ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ (មិនពិតប្រាកដ) ស្នាក់នៅផ្ទះ លេខ១៦D ក្រុម១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
វត្ថុតាងចាប់យកបានរួមមាន៖ ១– ម៉ូតូ ០១គ្រឿង ម៉ាក MSX (គ្មានស្លាកលេខ) ។ ២– ដាវកែច្នៃចំនួន ០១ដើម (ជារបស់ជន សង្ស័យឈ្មោះ ឈិត ដារ៉ាពៅ ហៅ (អាតឿ) ។ ៣–ស្លាកលេខម៉ូតូ មានលេខភ្នំពេញ 1LY.9631 ចំនួន ០១ ស្លាក (ជារបស់ជនរងគ្រោះ)។ចំណែកជនរងគ្រោះ ឈ្មោះ សំ ម៉ាត់ណូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ (កម្មកររោងចក្រ) ស្នាក់នៅ ផ្ទះជួល ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូ ដែលជនសង្ស័យលួចនោះ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០២៦ ស្លាកលេខ ភ្នំពេញ 1LY.9631 ។
តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា៖ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនដូចបានរៀបរាប់ខាងលើ ចេញពីបន្ទប់ជួលរបស់ខ្លួន ដឹកប្រពន្ធមកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ស្ថិតនៅភូមិតាងួន២សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ។ ពេលមកដល់ជនរង គ្រោះបានទុកម៉ូតូនៅខាងមុខអាគារអ្នកជំងឺសម្រាក ដោយជនរងគ្រោះបានចាក់សោរក.ម៉ូតូបានត្រឹមត្រូវ ហើយក៏បាន ចូលទៅខាងក្នុងមើលប្រពន្ធ លុះដល់ម៉ោងប្រហែល ០២និង០០នាទីឈានចូលថ្ងៃទី ១៨ ខែឆ្នាំដដែល ជនរងគ្រោះ បានចេញមកមើលម៉ូតូ ឃើញម៉ូតូនៅកន្លែងដដែល ទើបជនរងគ្រោះបានចូលទៅខាងក្នុងវិញលុះដល់ម៉ោងប្រហែល០៤និង០០នាទី(ទាបភ្លឺ) ជនរងគ្រោះបានចេញមកមើលម៉ូតូម្តងទៀត ពេលនោះក៏ស្រាប់តែបាត់ម៉ូតូតែម្តង ហើយបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងសមត្ថកិច្ច បាន ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ រហូតដល់ ថ្ងៃទី ២៤ ខែកក្តដាឆ្នាំ២០២៦វេលាម៉ោងប្រហែល០៩និង៣០នាទីព្រឹក ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ ឈិត ដារ៉ាពៅ ហៅ (អាតឿ) ដែលកំពុងធ្វើដំណេីរនៅតាម បណ្តោយផ្លូវរថភ្លើង ស្ថិតនៅភូមិតាងួន២ និង បានរកឃើញដាវកែច្នៃ ចំនួន ០១ដើម នៅជាប់និងខ្លួនរបស់ជនសង្ស័យ។
សមត្ថកិច្ច បាននាំជនសង្ស័យ មកកាន់ទីស្នាក់ការប៉ុស្តិ៍ ដើម្បីសួរនាំ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់ក.ម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ពេលលួចបានហើយ ជនសង្ស័យ ឈ្មោះ ឈិត ដារ៉ាពៅហៅ(អាតឿ) បានទៅយកជនសង្ស័យ ឈ្មោះ ថន វីរះបុត្រ ហៅ (អាភស្សី) និងបាននាំគ្នាជិះទៅ កន្លែងស្ងាត់កាច់ស្លាកលេខម៉ូតូបោះចោល និងបាននាំគ្នាយកម៉ូតូទៅលក់ បន្ទាប់មកសមត្ថិកិច្ច ក៏បានបន្ត ស្រាវជ្រាវចុះទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះថន វីរះបុត្រ ហៅ (អាភស្សី) យកមកប៉ុស្តិ៍ កាកាបទី១ ដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ ខាងលើ បានឆ្លើយសារភាព ថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់ក.ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ៖ ទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

