រដ្ឋមន្ត្រីការបរទេស ឯកឧត្តម ប្រាក់ សុខុន រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦

ចេញផ្សាយ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ឆ្នាំ២០២៦» ដែលរួមមានការតាំងពិព័រណ៍រូបថតដើម្បីអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង តាមដងទន្លេមេគង្គនៃទីក្រុងនរា រាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត និងតំណាងនៃស្ថានទូតប្រទេសមេគង្គឡានឆាង តំណាងក្រសួងស្ថាប័ននិងសាធារណជន សរុបប្រមាណ ៦០០នាក់។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទន្លេមេគង្គ ជានិមិត្តរូបដ៏រស់រវើក នៃមិត្តភាពកិច្ចសហប្រតិបត្តិការ ភាពធន់ និងការតភ្ជាប់រវាងបណ្តាប្រទេសនៅតាមបណ្តោយអាងទន្លេមេគង្គ ដែលមានទំនួលខុសត្រូវរួមគ្នាដើម្បីការពារ គ្រប់គ្រង និងថែរក្សាធនធានដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង កំពុងឆ្ពោះទៅរកទស្សវត្សរ៍មាសថ្មីមួយទៀត ក្រោមមូលបទ  «ការកសាងសហគមន៍មេគង្គឡានឆាងរួមគ្នាជំនាន់ .» ដែលផ្តោតលើការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការពង្រឹងបន្ថែមលើការគ្រប់គ្រងធនធានទឹកប្រកបដោយ ចីរភាព ពង្រីកការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍបៃតង និងបរិវត្តកម្មឌីជីថល ក៏ដូចជាការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនក្នុងអនុតំបន់មេគង្គឡានឆាង។

កម្មវិធីនេះក៏បានទទួលថវិកាសប្បុរសធម៌សរុបចំនួន ១១,៥៥៥ ដុល្លារអាម៉េរិក សម្រាប់បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ការថែទាំសុខភាពកុមារ ផងដែរ ៕STN

Leave a Reply

Your email address will not be published. Required fields are marked *