ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក នាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ

ចេញផ្សាយ៖ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប ខេត្តសៀមរាប និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នេះ បាននាំយក សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដូចជា អង្រឹង សូឡាកៅស៊ូតង់ វិទ្យុកទាក់ទង ថវិកាចំនួន៥០ម៉ឺនរៀលសម្រាប់ធ្វើដំបូលរោងស្នាក់នៅ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ។ព្រះអង្គរួមជាមួយជាមួយញាតិញោម បាននាំយកសម្ភារប្រើប្រាស់ប្រចាំថ្ងៃទៅជូនដល់កងទ័ពដែលនៅព្រំដែនកម្ពុជាថៃ។ ហើយការផ្តល់ជូននូវសម្ភារៈទាំងនេះ មិនមែនថារាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែម។

ព្រះអង្គក៏បានមានថេរដីកាបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរៈកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាននិងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។ព្រះអង្គបានសម្តែងការគោរពដឹងគុណជានិច្ចចំពោះកងទ័ពទាំងអស់ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត៕

Leave a Reply

Your email address will not be published. Required fields are marked *