ចេញផ្សាយ៖ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦
ខេត្តព្រះសីហនុ៖ ករណីឃាតកម្មដ៏សាហាវមួយ ដោយឃាតកបានសម្លាប់ស្ត្រីរងគ្រោះ នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២១និង៣០នាទីយប់ ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ៩ ភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ស្ត្រីរងគ្រោះឈ្មោះ តាំង ស្រីនិច ភេទ ស្រី ជនជាតិ ខ្មែរ មានស្នាមរបួសដាច់រយាសសាច់ បំពង់ក ១កន្លែង ។ ចំណែកជនសង្ស័យឈ្មោះសុខ រស្មី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាម សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ករណីនេះជាករណីឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យភេទស្រីម្នាក់បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ដោយមានការឈ្លោះប្រកែកគ្នាបានពីរទៅបីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារកជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។ ករណីនេះក្រោយពេលទទួលព័ត៌មានបាននូវរឿងហេតុខាងលើភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាក្រុងព្រះសីហនុ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ .២ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោងប្រហែល ០៣និ២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុង–ខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរដំណើររឿង ។
យោងតាមចម្លើយសាភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា៖ កន្លងមក ជនសង្ស័យ និងជនរងគ្រោះជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា ហើយស្រលាញ់គ្នាប្រហែល ២ឆ្នាំ មកហើយ ៕

