ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប លើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ថ្មី ប្រកាន់ខ្ជាប់សីលធម៌ និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទេសចរណ៍ជាតិ

ចេញផ្សាយ៖ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៦

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប លើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ជំនាន់ថ្មី ប្រកាន់ខ្ជាប់សីលធម៌ និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទេសចរណ៍ជាតិ

សៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ នៅសាកលវិទ្យាល័យវ៉ាន់ដា ខេត្តសៀមរាប នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានចាត់ទុកមគ្គុទ្ទេសក៍ទេសចរណ៍ថាជា «កម្លាំងស្នូល» ដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានក្រើនរំលឹកឱ្យមគ្គុទ្ទេសក៍ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ឥរិយាបថថ្លៃថ្នូរ និងសីលធម៌វិជ្ជាជីវៈខ្ពស់។

លោក ង៉ូវ សេងកាក់ បានគូសបញ្ជាក់ថា មគ្គុទ្ទេសក៍ទេសចរណ៍មិនត្រឹមតែជាអ្នកបម្រើភ្ញៀវប៉ុណ្ណោះទេ ប៉ុន្តែគឺជាតួអង្គសំខាន់ក្នុងការរក្សា និងលើកតម្កើងតម្លៃមរតកជាតិ។ លោកបានសង្កត់ធ្ងន់ថា មគ្គុទ្ទេសក៍ដែលមានចំណេះដឹងជ្រៅជ្រះ អាចធ្វើឱ្យភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់ពីប្រវត្តិសាស្ត្រ ទស្សនវិជ្ជា និងព្រលឹងវប្បធម៌ខ្មែរ។ ប្អូនៗជាអ្នកថែរក្សា និងផ្សព្វផ្សាយអំពីតម្លៃបេតិកភណ្ឌជាតិ។ លោកបានជំរុញឱ្យសិក្ខាកាមទាំងអស់បន្តរៀនសូត្រជាប្រចាំ ផ្តល់សេវាកម្មដោយបេះដូង និងចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាសណ្ដាប់ធ្នាប់នៅតាមគោលដៅទេសចរណ៍។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ

ក្រសួងទេសចរណ៍ បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារមគ្គុទ្ទេសក៍ «ភាសាកម្រ» ដែលបច្ចុប្បន្នមានតម្រូវការខ្ពស់ ខណៈមគ្គុទ្ទេសក៍ដែលមានស្រាប់មួយចំនួនមានវ័យចំណាស់ និងជួបបញ្ហាសុខភាព។

ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការសិក្សាមួយវគ្គពេញ និងការចុះកម្មសិក្សា ស្តាប់ការណែនាំរបស់គ្រូបង្រៀន បង្កើតទំនាក់ទំនងល្អ និងគោរពវិន័យសិក្សា។ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្នូរ ភាព

ស្មោះត្រង់ និងសីលធម៌ខ្ពស់ និងចូលរួមទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ និងមិនត្រូវផ្សព្វផ្សាយបន្ត ត្រូវជំរុញការផ្សព្វផ្សាយព័ត៌មានដែលមានប្រយោជន៍ដល់សង្គមជាតិ និងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ឱ្យបានកាន់តែទូលំទូលាយថែមទៀត។ជាពិសេសការផ្សព្វផ្សាយនៅក្នុងរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា។

គួរជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ខែ ដោយមានសិក្ខាកាមចំនួន ៦១រូប ដែលបានប្រឡងជាប់ជាស្ថាពរកាលពីខែឧសភា កន្លងទៅ ក្នុងចំណោមបេក្ខជនសរុប ១០៧រូប លើភាសាកម្រចំនួន៩ រួមមាន៖ ភាសាចិន ជប៉ុន បារាំង រុស្សី អាល្លឺម៉ង់អេស្ប៉ាញ អ៊ីតាលី វៀតណាម និងម៉ាឡេស៊ី

Leave a Reply

Your email address will not be published. Required fields are marked *