មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការប្រើឧបករណ៍នេសាទនារដូវបើកនេសាទ ក្នុងភូមិសាស្ត្របឹងទន្លេសាប ព្រំប្រទល់ចំនួន៣ខេត្ត

ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅភូមិសាស្ត្រកដប ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ។

ការចុះប្រតិបត្តិការនេះ មានការអមដំណើរចូលរួមដោយលោក តាក់ សីហាក់ នាយខណ្ឌស្តីទីរដ្ឋបាលជលផលកំពង់ឆ្នាំង លោក ភុនសុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងសហការី ដោយមានកិច្ចសហការជាមួយតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់  កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កងរាជអាវុធហត្ថស្រុកក្រគរ និងកម្លាំងអន្តរាគមន៍យោធាបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបដោយបានចុះពិនិត្យស្ថានភាពការនេសាទត្រី ក្នុងរដូវខ្នេីតទី៣ តាមដងទន្លេសាប និងបង្ការទប់ស្កាត់បទល្មេីសបេីកច្រកចរាចរណ៍ត្រីចុះនៅតាមបណ្តាច្រកកដប ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ។

នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានធ្វើការណែនាំដល់ម្ចាស់របាំងលបណ ឬរ៉ាវឱ្យរុះរើរបាំងដោយខ្លួនឯងភ្លាមៗ ដើម្បីបើកច្រកសម្រាប់ត្រីធ្វើចរាចរចុះក្នុងរដូវខ្នើតទី៣នេះ ទោះបីឧបករណ៍របស់ពួកគាត់ត្រូវច្បាប់។

ជាលទ្ធផល ឯកឧត្តម ប៉ែន ផល្លីកា បានធ្វើការអប់រំណែនាំឱ្យប្រជានេសាទរុះរើដោយខ្លួនឯងចំនួន គ្រួសារ និងបង្រ្កាបបានចំនួន២ករណី ដែលរួមមាន៖ សាច់អួនក្រឡាញឹកចំនួន ៩របាំង ស្មើនឹង ៦០០ម៉ែត្រ លូកងសាច់អួនចំនួន ១៣គ្រឿង លូកងស្បៃមុងចំនួន២គ្រឿង បង្គោលចំនួន២៨០ដើម និងចាក់លែងត្រីចំនួន ១២៥គីឡូក្រាម ចូលបឹងធម្មជាតិវិញ ហើយចំពោះវត្ថុតាងល្មើសច្បាប់ត្រូវបានបំផ្លាញចោលនៅហ្នឹងកន្លែង។

ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់មន្រ្តី អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបង្រ្កាប ដោយបានកត់សម្គាល់ឃើញថា ឧបករណ៍ខុសច្បាប់មានការថយចុះច្រើន និងប្រជានេសាទយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទនារដូវបើកនេសាទនេះជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *