ចេញផ្សាយ៖ថ្ងៃទី២៩ខែមករាឆ្នាំ២០២៦
សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាសៀមរាប វេលាម៉ោង ០៨និង០០ នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី សំរឹទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ប្រាក់សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។ ក្នុងនោះដែល
ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីគណ:អភិបាលរងខេត្ត នាយកនាយករងរដ្ឋបាលខេត្ត អភិបាល ក្រុង–ស្រុក កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រធាន អនុប្រធានមន្ទីរ–អង្គភាព និងមន្ត្រីរាជការទូទាំងខេត្តផងដែរ ។
ក្នុងពិធីនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បាន ធ្វើបទអន្តរាគមន៍ដោយសង្ខេប អំពីលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជូនដល់អង្គសន្និបាតទាំងមូល ផងដែរ ។ ជាមួយគ្នានោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទី ភារកិច្ច ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តនាពេលកន្លងមកបានយ៉ាងល្អប្រសើរ ៕STN

