ចេញផ្សាយ៖ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦
ជាប់ពន្ធនាគារ ម្តងហើយមិនកែខ្លួនចេញធ្វើសកម្មភាពលួចម៉ូតូ ត្រូវនគរបាលខេត្តសៀមរាប ក្របួចជាប់ជាថ្មីម្តងទៀត
ខេត្តសៀមរាប៖ ករណីជនសង្ស័យ៖ម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីគ្រឿងញៀន ម្តងហើយប៉ុន្តែបែរជា មិនរាងចាល បានចេញមកធ្វើសកម្មភាពលួចម៉ូតូ ចំនួន០១ គ្រឿង នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជាថ្មីម្តងទៀត។
ការឃាត់ខ្លួននេះ បានធ្វើឡើង បន្ទាប់ ពីសមត្ថកិច្ច ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ។

កម្លាំងនគរបាលក្រុងសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ និងបើកការស្រាវជ្រាវយ៉ាងម៉ត់ចត់ រហូតកំណត់បានអត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់មានឈ្មោះ មួន គីមហ៊ាង ហៅ វីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិវាល សង្កាត់គោកចកក្រុង–ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង–ខេត្តសៀមរាប។ជនសង្ស័យ៖ រូបនេះ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ចំនួន ០១លើក រយៈពេល ០១ឆ្នាំ ០៦ខែ ពាក់ព័ន្ធករណីគ្រឿងញៀន។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក KAMAX Cub Pro ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AU-1489 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះមកវិញ នៅវេលាម៉ោង ១៤នឹង០០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យ៖ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមានបំណងយកទៅលក់ ប៉ុន្តែមិនទាន់បានសម្រេចផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ សមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀនតាមទឹកនោមលើជនសង្ស័យផងដែរ ដោយទទួលបានលទ្ធផល អវិជ្ជមាន។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមានម៉ូតូចំនួន០១គ្រឿង បានប្រគល់ជូនជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យ៖ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


