ចេញផ្សាយ៖ថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២៦
ស្នងការខេត្តសៀមរាប ពិនិត្យយានយន្តសម្រាប់បំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញត្រួតពិនិត្យសភាពរួមនៃមធ្យោបាយ សម្ភារៈ បច្ចេកទេសយានយន្តនានា ដែលត្រៀមបម្រុងសម្រាប់បំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
សៀមរាប ៖ នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំត្រួតពិនិត្យសភាពរួមនៃមធ្យោបាយ សម្ភារៈបច្ចេកទេស យានយន្តនានា ដែលត្រៀមបម្រុងសម្រាប់បំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជាពិសេសក្នុងឱកាសការពារថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ជើញបំពេញបេសកកម្មនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើស្ថានភាពបច្ចេកទេស របស់យានយន្ត គ្រឿងបំពាក់ពិសេស ឧបករណ៍ទំនាក់ទំនង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីធានាថា គ្រប់មធ្យោបាយទាំងអស់ស្ថិតក្នុងស្ថានភាពល្អរួចជាស្រេចសម្រាប់ប្រើប្រាស់ និងឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រប់ស្ថានការណ៍។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានណែនាំដល់កម្លាំងជំនាញពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់លើការថែទាំ ការត្រួតពិនិត្យជាប្រចាំ និងការរៀបចំផែនការប្រើប្រាស់មធ្យោបាយឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធានាបាននូវការបំពេញភារកិច្ចការពារថ្នាក់ដឹកនាំ ប្រកបដោយសុវត្ថិភាព និងជោគជ័យតាមផែនការដែលបានកំណត់។
ការត្រួតពិនិត្យនេះ ស្ថិតក្នុងក្របខ័ណ្ឌនៃការពង្រឹងការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធានាបាននូវការអនុវត្តភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់៕


