សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការរដ្ឋាននគរបាល ខេត្តសៀមរាប អំពីករណីហិង្សាក្នុងវង់ផឹកសុីមួយបានកើតឡើង

ចេញផ្សាយ៖ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការរដ្ឋាននគរបាល ខេត្តសៀមរាប អំពីករណីហិង្សាក្នុងវង់ផឹកសុីមួយដែលបានកើតឡើង

សៀមរាប៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook រួមទាំងសាធារណជនឱ្យបានជ្រាប​ថាកាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ គិតចាប់ពីម៉ោង ១៦:០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដល់ម៉ោង ៦:០០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសកើតឡើង។

+អង្គហេតុ : នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី ឈ្មោះ ផុន រក្សា (ជនរងគ្រោះ)ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានទៅចូលរួមកម្មវិធីផឹកស៊ីនៅផ្ទះមិត្តភ័ក្ក ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (កន្លែងកើតហេតុ) ក្នុងកម្មវិធីនោះមានចាក់ភ្លេងកំដរ។ ក្នុងខណៈនោះ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) ដែលមាននៅផ្ទះក្បែរគ្នា បានដើរសំដៅទៅកន្លែងផឹកស៊ីខាងលើ ហើយក៏មានការឈ្លោះប្រកែកគ្នាជាមួយ ឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ពេលនោះឈ្មោះ ឯម បាវ ភេទប្រុស អាយុ៧១ឆ្នាំ ដែលត្រូវជាឪពុករបស់ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) បានដើរទៅឃាត់កូនរបស់ខ្លួន (ឈ្មោះ ឯម ប៊ន) ពេលនោះ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) មិនស្តាប់ការហាមឃាត់របស់ឪពុក ហើយយកដៃខាងស្តាំរបស់ខ្លួនវ៉ៃទៅលើការ៉ូថ្ម បណ្តាលឧ្យដាច់រលាត់ហូរឈាម ឃើញដូច្នេះ ឈ្មោះ ឯម បាវ ក៏បានដួលសន្លប់ទៅលើដីភ្លាមៗ ហើយ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) ក៏បានជួយធ្វើចលនាតែមិនកម្រើក ក៏ត្រូវបងប្អូនជនសង្ស័យ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប តែត្រូវបានដាច់ខ្យល់ស្លាប់តាមផ្លូវមុនទៅដល់មន្ទីរពេទ្យ។

ក្នុងស្ថានភាពនោះ ឈ្មោះ ឯម ប៊ន (ជនសង្ស័យ) បានយំសោករៀបរាប់ដង្ហោយរកគេជួយ និងអាណិតឪពុក ខណៈនោះឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ឃើញស្ថានភាពបែបនោះ បានដើរចេញមកក្រៅផ្ទះ (ទីតាំងផឹកស៊ី) ក៏ត្រូវបាន ឈ្មោះ ឯម ង៉ែត (ជនសង្ស័យ) ដែលត្រូវជាប្អូនឈ្មោះ ឯម ប៊ន (ជនសង្ស័យ) បានរត់ដេញតាមឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ដោយក្នុងដៃមានកាន់កាំបិត ក្នុងពេលនោះឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ក៏បានដួល ហើយឈ្មោះ ឯម ង៉ែត (ជនសង្ស័យ) បានធ្វើសកម្មភាព កាប់ទៅលើឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ជាច្រើនកាំបិត បណ្តាលឲ្យដាច់រយះកែងដៃខាងស្តាំ ជង្គង់ខាងស្តាំ និងខ្នង បណ្តាលឲ្យហូរឈាមជាខ្លាំង ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យឈ្មោះឯម ង៉ែត បានគេចខ្លួន ហើយជនសង្ស័យឈ្មោះ ឯម ប៊ន (ជនសង្ស័យ) ក៏បានដើរមករកជនរងគ្រោះ រួចក៏ធ្វើសកម្មភាពទាត់ធាក់លើ ឈ្មោះ ផុន រក្សា (ជនរងគ្រោះ) បន្ថែមផងដែរ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចយើងបានចុះទៅអន្តរាគមន៍ ដោយយកឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក៏បានឃាត់ជនសង្ស័យខាងលើទាំងពីរយកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បន្ទាប់ពីសួរនាំជនសង្ស័យឈ្មោះ ឯម ង៉ែត (ជនសង្ស័យ) បានឆ្លើយសារភាពថាខ្លួន (ឈ្មោះ ឯម ង៉ែត) ពិតជាបានកាប់ទៅលើឈ្មោះ ផុន រក្សា (ជនរងគ្រោះ) ដូចការរៀបរាប់ខាងលើពិតមែន ដោយមូលហេតុខ្លួន (ឈ្មោះ ឯម ង៉ែត) ស្មានថាឈ្មោះ ផុន រក្សា (ជនរងគ្រោះ) បានវ៉ៃបងរបស់ខ្លួនឈ្មោះ​ ឯម ប៊ន។ រីឯជនសង្ស័យឈ្មោះ ឯម ប៊ន ខ្លួនក៏បានសារភាពថាខ្លួនពិតជាមានជម្លោះ និងទាត់ជនរងគ្រោះពិតមែន។

ករណីខាងលើនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (១-ឈ្មោះឯក ង៉ែត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់នំ មានស្រុកកំណើតនៅស្រុកកំពង់សោម ខេត្តព្រះសីហនុ បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប “ប្រវត្តិទោសគ្មាន” -២ឈ្មោះឯម ប៊ន ភេទប្រុស អាយុ៤១ឆ្នាំមុខុរបរកម្មករ មានស្រុកកំណើតនៅ ស្រុកកំពង់សោម ខេត្តព្រះសីហនុ បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប “ប្រវត្តិទោសគ្មាន”) និងដកហូតវត្ថុតាងមានកាំបិតកែច្នៃចំនួន០១ដើម ធ្វើអំពីដែកដងឈើ ប្រវែង៥២ស.ម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី។

អាស្រ័យហេតុនេះ សូម អ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook រួមទាំ​ង​សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

Leave a Reply

Your email address will not be published. Required fields are marked *