ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញលិខិតបដិសេធ ចំពោះរកណីគ្រោះថ្នាក់ចរាចរណ៍ នៅស្តុបចុងកៅស៊ូ ថាជនបង្កបានហុចលុយ ឲ្យទៅប៉ូលីសចរាចរណ៍នោះគឺមិនពិតទេ

ចេញផ្សាយ៖ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញលិខិតបដិសេធ ចំពោះរកណីគ្រោះថ្នាក់ចរាចរណ៍ នៅស្តុបចុងកៅស៊ូ ថាជនបង្កបានហុចលុយ ឲ្យទៅប៉ូលីសចរាចរណ៍នោះគឺមិនពិតទេ

សៀមរាប៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបព័ត៌មានជូន បងប្អូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម រួមទាំងសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧:១៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅតាមបណ្តោយផ្លូវ ជាតិលេខ៦ ត្រង់ចំណុចខាងកើតស្តុបចុងកៅស៊ូ បង្កហេតុដោយរថយន្តមួយគ្រឿងម៉ាក Lexus LX600 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជាD.CORNER បើកបរ ដោយបុរសម្នាក់ ជាអ្នកផលិតមាតិកា លើបណ្តាញសង្គមឈ្មោះ PeyPey Dy មានអ្នករួមដំណើរចំនួន២នាក់ (ទិសដៅពីកើតទៅលិច) បានបុកពីក្រោយជាមួយម៉ូតូ កំពុងឈប់ចាំស្តុបចំនួន៤ គ្រឿង បណ្តាលឱ្យមានអ្នករងរបួសស្រាលនិងមានការខូចខាតម៉ូតូផងដែរ ក្រោយកើតហេតុ សមត្ថកិច្ចយើង បានទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួច ភាគីខាងម្ចាស់រថយន្ត បានយល់ព្រមសងសំណងរដ្ឋប្បវេណី ទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿង។

បន្ទាប់ពីស្រុះស្រួលគ្នារួច សមត្ថកិច្ចយើង បាននាំយករថយន្ត និងម៉ូតូ ដែលជាវត្ថុតាង មកស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្តតាមនីតិវិធី (មានមន្ត្រីនគរបាលយើងម្នាក់ បានឡើងជិះក្នុងរថយន្តនៅផ្នែកខាងក្រោយ ធ្វើដំណើរមកជាមួយ និងឱ្យជនបង្ក ជាអ្នកបើករថយន្ត ដោយខ្លួនឯង)។ប៉ុន្តែដោយឃើញមានការចែកចាយវិដេអូ សកម្មភាពរបស់មន្ត្រីយើង នៅលើបណ្តាញសង្គម យើងសង្កេតឃើញ មានមតិមួយចំនួន បានលើកឡើងថា PeyPey Dy  បានហុចលុយ ទៅប៉ូលីសចរាចរណ៍នៅនឹង កន្លែងកើតហេតុ ពីព្រោះ ឃើញមានរូបភាពការហុចអ្វីម្យ៉ាងចេញ ពីផ្នែកខាងក្រោយ នៃរថយន្ត ឱ្យទៅនគរបាលចរាចរ ម្នាក់ទៀត ដែលឈរនៅក្បែរនោះ។ ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបដិសេធ និងសូមបញ្ជាក់ថា សកម្មភាពនោះ គឺ មន្ត្រីនគរបាលយើងម្នាក់ បានឡើងជិះរថយន្ត នៅផ្នែកខាងក្រោយជាមួយជនបង្ក និងបានហុច សោម៉ូតូ ដែលខ្លួនបានជិះ ទៅកន្លែងកើតហេតុ ឱ្យទៅក្រុមការងារម្នាក់ទៀត ដើម្បីជិះត្រឡប់ មកគោលដៅស្នាក់ការចរាចរណ៍ផ្លូវគោកវិញតែប៉ុណ្ណោះ ពុំមែនជាការហុចប្រាក់ ដើម្បីសូកប៉ាន់អ្វីនោះឡើយ។ហេតុដូចនេះ សូមមេត្តា កុំលើកជាមតិ ដោយគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ របស់មន្ត្រីនគរបាលយើង

អាស្រ័យហេតុនេះ សូមបងប្អូនអ្នកនិយម តាមដានបណ្តាញសង្គមហ្វេសប៊ុក និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *