កម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវនឹងធ្វើការឃាត់ខ្លួនបាន ក្មេងទំនើង០២ ក្រុម ចំនួន០៤ នាក់ ជាបន្តបន្ទាប់

ចេញផ្សាយ៖ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
កម្លាំងនគរបាលខេត្តសៀមរាប  ស្រាវជ្រាវនឹងធ្វើការឃាត់ខ្លួនបាន ក្មេងទំនើង០២ ក្រុម ចំនួន០៤ នាក់ ជាបន្តបន្ទាប់
សៀមរាប៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំង មានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ ក្រោយមកយើងសហការ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ធ្វើការនាំខ្លួន បក្សពួកជនសង្ស័យទាំង៤ នាក់ជាបន្តបន្ទាប់ មកធ្វើការសាកសួរតាមនីតិវិធីជំនាញ៖ ជនសង្ស័យទី១/ឈ្មោះ ខាត់ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិដូនំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនសង្ស័យទី២.ឈ្មោះ ទីវ សែនបូណ៍ស័ក្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជនសង្ស័យទី៣.ឈ្មោះ ស៊ា វិណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន រស់នៅភូមិកូកគរ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
-ជនសង្ស័យទី៤. ឈ្មោះ នី រក្សា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន រស់នៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពបង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង០០ និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ត្រង់ចំណុច តំបន់ផាប់ស្ទ្រីត ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយប្រើអាវុធ និងធ្វើឱ្យខូចខាតដោយចេតនាជាក្រុម មានគ្នាចំនួន៦ នាក់ ជិះម៉ូតូចំនួន៣ គ្រឿង ប្រដាប់ដោយ កាំបិតផ្គាក់ និងកាំបិត បានធ្វើសកម្មភាព កាប់ម៉ូតូ របស់ជនរងគ្រោះឈ្មោះ ឡោម រក្សា ហៅ Jak Stik និងកាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ែន តុងតុង បណ្តាលឱ្យរងរបួសក្បាល ផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ ក្រោយពេលធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤ នាក់ខាងលើ បានឆ្លើយសារភាពស្របគ្នាថា ពួកខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើកាំបិត និងកាំបិតផ្គាក់ កាប់ម៉ូតូ និងកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសពិតប្រាកដមែន។
មូលហេតុគឺ ដោយសារជនរងគ្រោះ និងជនសង្ស័យ៖ ធ្លាប់មានជម្លោះជាមួយគ្នាពីមុនមក។
យោងតាមចម្លើយសារភាព បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកបក្ខពួក ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចយើង បានកំណត់អត្តសញ្ញាណ និងសាវតារួចហើយ កំពុងស្នើសុំដិកា ពីស្ថាប័នតុលាការ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *