ព្រះមេគណខេត្តសៀមរាប និមន្តថ្វាយព្រះភ្លើងប្រគេនដល់ព្រះសព ព្រះគ្រូ ណម ណៀម អតីតព្រះចៅអធិការវត្តត្រាច

ចេញផ្សាយ៖ថ្ងៃទី០៣ខែមីនាឆ្នាំ២០២៦

នារាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប បាននិមន្តថ្វាយព្រះភ្លើងប្រគេនដល់ព្រះសព ព្រះគ្រូ កតបុញ្ញោ ណម ណៀម អតីតព្រះចៅអធិការវត្តព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ ហៅវត្តត្រាចសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏សោកសៅនេះ ប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី បានសម្ដែងនូវការសោកស្ដាយជាទីបំផុត ចំពោះការបាត់បង់ ព្រះគ្រូ កតបុញ្ញោ ណម ណៀម ដែលជាមន្ត្រីសង្ឃដែលមានសង្គហទានក្នុងខេត្តសៀមរាប កាលព្រះគ្រូនៅមានព្រះជន្ម ព្រះអង្គបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដោយបានចូលរួមកសាងស្ថាបនានូវសមិទ្ធផលនានាជាច្រើន សម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិខ្មែរ។ សកម្មភាព និងស្នាដៃរបស់ព្រះអង្គដែលបានរៀបរាប់ខាងលើនេះ ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះព្រះពុទ្ធសាសនា និងសង្គមជាតិខ្មែរយ៉ាងធំធេងក្រៃលេង។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏ជាអ្នកអភិរក្សថែរក្សាសីលធម៌ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ខ្មែរ បានយ៉ាងល្អផងដែរ។

មានព្រះថេរដីកា ក្នុងឱកាសនោះ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប បានផ្តល់នូវព្រះឱវាទប្រគេនជូនដល់អ្នកចូលរួមក្នុងពិធី ដើម្បីយកទៅអនុវត្តន៍និងប្រតិបត្តិតាមក្នុងការអប់រំបុត្រធីតា ជាពិសេសអប់រំខ្លួនឯងផ្ទាល់ស្របទៅតាមគន្លងឱវាទព្រះពុទ្ធបរមគ្រូនៃយើង។ ព្រះធម្មសិរី ជុំ គឹមឡេង បានមានថេរដីកាដាស់តឿនឱ្យប្រជាពុទ្ធបរិស័ទទាំងអស់ពិចារណាដោយដើរតាមផ្លូវឱវាទព្រះពុទ្ធជាម្ចាស់ គឺផ្លូវកណ្តាល ពោលគឺនៅត្រង់ណាត្រូវស្អាតត្រង់នោះ ដោយការសំអាតកាយវាចាចិត្ត និងស្អាតឥរិយាបថទាំងបួន ដេកដើរឈរអង្គុយក៏ត្រូវការដុសខាតសំអាតឱ្យបានជាប្រចាំផងដែរ ព្រមទាំងការអាស្រ័យនូវគ្រឿងអាហារបរិភោគ រកទទួលទានប្រចាំថ្ងៃក៏ត្រូវពិចារណាឱ្យបានសមរម្យតាមការគួរ ជាពិសេសត្រូវប្រតិបត្តិឱ្យបានខ្ជាប់នូវនិច្ចសីល។

ព្រះធម្មសិរី ជុំ គឹមឡេង មានថេរដីកាបន្តថា ពិតណាស់ រូបកាយរបស់ព្រះគ្រូ ណម ណៀម លោកអាចវិនាសសាបសូន្យទៅបាន តែនាម និងគោត្តនាម ពោលគឺកេរ្តិ៍ឈ្មោះ កិត្តិយសដែលបានសាងហើយមិនសាបសូន្យឡើយ គឺតែងស្ថិតនៅលើលោកនេះជានិច្ច។

សូមរំលឹកថា ព្រះគ្រូ ណម ណៀម អតីតព្រះចៅអធិការវត្តត្រាច បានសុគតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធហើយមកដល់ឆ្នាំ២០២៦នេះ ទើបព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងសាច់ញាតិព្រះសព មូលមតិគ្នារៀបចំពិធីបុណ្យបូជារំលាយព្រះសពនេះឡើង។ ព្រះសពព្រះអង្គ ត្រូវបានរៀបចំពិធីរំលាយ នៅម៉ោង៦ និង៣០នាទីយប់ នាថ្ងៃ២ ខែមីនា ឆ្នាំ២០២៦នេះជាមួយនឹងសពព្រះសង្ឃ និងសពប្រជាពលរដ្ឋផ្សេងទៀតប្រមាណជាង ១០រូបផងដែរ នៅក្នុងបរិវេណវត្តព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ ហៅវត្តត្រាច៕

Leave a Reply

Your email address will not be published. Required fields are marked *