ចេញផ្សាយ៖ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦
សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៩និង០០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញសំណេះសំណាលជាមួយលោក–លោកស្រី ស្នងការរង លោកនាយ–នាយរងការិយាល័យទាំង៣៣ និងលោកអធិការនគរបាលក្រុង–ស្រុកទាំង១៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍លើកសរសើរ ដល់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលកន្លងមកបានចូលរួមសហការគ្នាយ៉ាងស្និទ្ធស្នាល ក្នុងការបំពេញតួនាទីភារកិច្ច ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងសូមបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីបន្តទៀត ដោយស្មារតីមុតមាំ បង្កើនសមត្ថភាពវិជ្ជាជីវៈ និងរក្សាកិត្តិយសជាកងកម្លាំងនគរបាលជាតិ ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិជាបន្តទៀត។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាឧបត្ថម្ភមួយចំនួន និងជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕STN


