ចេញផ្សាយ៖ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៦
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោព្រះប្រធានថេរសភា ពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងគណៈសង្ឃនាយក និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានមានសង្ឃដីកាថា ប្រទេសជាតិអាចរីកចម្រើនជឿនលឿនទៅបានលុះត្រាណាតែប្រជាជនមានចំណេះដឹងខ្ពង់ខ្ពស់ ក្នុងន័យនេះសម្តេចបានមានសង្ឃដីការសង្កត់ធ្ងន់ទៅលើព្រះសង្ឃដែលបានបួសហើយ ត្រូវខិតខំរៀនសូត្រ ជាពិសេសសមណសិស្សទាំងអស់។
ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៦–២០២៧ នៅវត្តរាជបូណ៌ ក្រុងសៀមរាប នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា ពិតណាស់ការបួសជាសង្ឃ គឺមានពេលវេលាជាច្រើនក្នុងការរៀនសូត្រ ដោយចង្ហាន់ និងសម្ភារសិក្សា គឺពុទ្ធបរិស័ទជាអ្នកជួយឧបត្ថម្ភគាំទ្រ។ ស្របពេលជាមួយគ្នានេះ ព្រះពុទ្ធសាសនាបានបណ្តុះបណ្តាលមនុស្សឱ្យមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងច្រើន និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាច្រើនផងដែរ។ ដូចនេះការបួសជាព្រះសង្ឃត្រូវតែរៀនសូត្រឱ្យមានចំណេះដឹង បើបួសហើយមិនរៀននាំធ្វើឱ្យខូចដល់ពុទ្ធសាសនា។
សម្ដេចព្រះព្រហ្មរតនមុនី មានសង្ឃដីការបន្តថា ជាមួយនឹងការបណ្តុះបណ្តាលនេះ វត្តអារាម ក៏កំពុងបានដើរតួនាទីយ៉ាងសំខាន់ ជាថ្នាលបណ្តុះបណ្តាលចំណេះដឹងដល់ព្រះសង្ឃ ឱ្យក្លាយទៅជាបញ្ញវន្តសង្ឃ ប្រកបដោយសក្ដានុពល និងសីលធម៌ ដើម្បីក្លាយជាសសរទ្រូងនៃសង្គមជាតិផងដែរ។
លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនាធំជាងគេលំដាប់លេខ១ ទទួលបានការជ្រោមជ្រែងពីរដ្ឋ ដែលមានអ្នកនិយមជឿរហូតដល់ទៅជាង ៩៧ភាគរយ នៃប្រជាជនសរុបទូទាំងខេត្តសៀមរាប។ កុលបុត្រខ្មែរដែលបានចូលមកបួសជាបព្វជិតត្រូវចូលសិក្សារៀនសូត្រទាំងផ្នែកសាសនា និងចំណេះដឹងទូទៅ តាមរយៈសាលាពុទ្ធិកសិក្សាគ្រប់កម្រិត។ ក្នុងខេត្តសៀមរាប ពុទ្ធិកសិក្សាមានលក្ខណៈពិសេសជាងបណ្តាខេត្តមួយចំនួនផ្សេងទៀត គឺយើងមានសាលាតាំងពីពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យ។ នេះជាចំណុចល្អបង្កនូវភាពងាយស្រួលដល់សមណសិស្ស/សិស្ស ក្នុងការសិក្សារៀនសូត្រ តាមប្រព័ន្ធពុទ្ធិកសិក្សានេះ ដូច្នេះវត្តអារាមមិនត្រឹមតែដើរតួនាទី ក្នុងការបណ្តុះបណ្តាលព្រះសង្ឃឱ្យទៅជាធនធានសង្ឃដ៏ល្អសម្រាប់ព្រះពុទ្ធសាសនា ទាំងបច្ចុប្បន្នកាល និងបន្តទៅអនាគតផងដែរ។
លោក លី សារី ក៏បានឱ្យដឹងថា នៅទូទាំងខេត្តសៀមរាប មានសាលាធម្មវិន័យចំនួន ៨១ថ្នាក់ មានសមណសិស្សចំនួន ១ ២៥៥អង្គ/នាក់ សាលាពុទ្ធិកបឋមសិក្សា ៥៣សាលា មាន ៨១ថ្នាក់ មានសមណសិស្សសរុបចំនួន ១ ៦៤២អង្គ/នាក់ សាលាពុទ្ធិកអនុវិទ្យាល័យ២កន្លែង មាន៩ថ្នាក់ មានសមណសិស្ស/សិស្ស សរុបចំនួន ៣ ៤១៥ អង្គ/នាក់ សាលាពុទ្ធិកវិទ្យាល័យ ១កន្លែង មាន ៣ថ្នាក់ មានសមណសិស្សសរុបចំនួន ១០១អង្គ/នាក់។
លោកអភិបាលរងខេត្ត ក៏បានជំរុញ លើកទឹកចិត្តឱ្យសមណសិស្សខិតខំសិក្សាទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដើម្បីឱ្យទាន់សង្គមឌីជីថលដែលបាននិងកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស។ លោកក៏បានស្នើដល់ព្រះសង្ឃប្រើប្រាស់ឥទ្ធិពលនៃធម៌វិន័យ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសការទប់ស្កាត់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គមឱ្យបានល្អប្រសើរ៕


