អធិការរងស្រុកស្ទឹងត្រង់ម្នាក់ ត្រូវក្មេងស្ទាវ ចាក់និងដែកមុតស្រួចចំខ្ទង់ច្រមុះក្បែរភ្នែក បណ្តាលឲ្យរងរបួសធ្ងន់

ចេញផ្សាយ៖ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦

ខេត្តកំពង់ចាម៖ ករណីអធិការរងស្រុកស្ទឹងត្រង់ម្នាក់ បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើងចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៦ នាយនគរបាលដែលរងរបួសពេលបំពេញប្រតិបត្តិការនេះ ឈ្មោះ ម៉ាប់ សុផាត មានឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ទោ ជាអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានដឹកនាំកម្លាំងអន្តរាគមន៍ចុះល្បាតចល័ត ក្នុងភូមិសាស្ត្រ ឃុំព្រែកកក់។ លុះរហូតដល់វេលាម៉ោង២៣និង០៥នាទី បានទទួលព័ត៌មានរាយការណ៍ថា មានករណីហិង្សាដោយចេតនា បង្កដោយ(ក្រុមក្មេងស្ទាវវាយប្រតាយប្រតប់គ្នា) នៅកន្លែងកម្មវិធីប្រដាល់គុនខ្មែររបស់ទូរទស្សន៍ Town នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានដឹកនាំកម្លាំងអន្តរាគមន៍ចុះទៅដល់កន្លែងកើតហេតុ និងបានចាប់ឃាត់ខ្លួនក្រុមក្មេងស្ទាវភ្លាមៗ ពេលកំពុងប្រតិបត្តិការស្រាប់តែមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកឧបករណ៍មុតស្រួចចាក់ត្រូវចំខ្ទង់ច្រមុះ ក្បែរភ្នែកខាងស្តាំចំនួន០២កន្លែង រងរបួសធ្ងន់ធ្ងរ បណ្តាលឲ្យដួលសន្លប់ភ្លាមៗនៅកន្លែងកើតហេតុ។ រីឯជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចយើងបង្ក្រាបឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ និងនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី។

ចំណែក លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវបានកម្លាំងនគរបាលយកមកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងបញ្ចូនបន្តទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យខេត្ត សម្រេចចិត្តបញ្ចូនបន្តទៅព្យាបាលមន្ទីរពេទ្យកាល់ម៉ែត។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ លោកវរសេនីយ៍ទោ ម៉ាប់សុផាត (មានឈាមកកក្នុងខួរក្បាល) សន្លប់មិនទាន់ដឹងខ្លួននៅឡើយ និងកំពុងបន្តបញ្ចូនទៅព្យាបាលប្រទេសវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *