ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមបន្ថែមទៀត នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់

ចេញផ្សាយ៖ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៦

ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមបន្ថែមទៀត នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់

សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំសហការី និងមន្រ្តីនគរបាលក្រោមឱវាទ ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមបន្ថែមទៀត នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់

កាលពីព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី និងមន្រ្តីនគរបាលក្រោមឱវាទ ចូលរួមដាំដើមផ្កាត្របែកព្រៃបន្ថែមចំនួន ២០០ដើម នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់។

សូមរំលឹកផងដែលថាកន្លងមក លោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំកងកម្លាំងនគរបាល ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមរួចមកហើយ ហើយលើកនេះបានបន្តដាំបន្ថែមចំនួន ២០០ដើមទៀត ដែលធ្វើឱ្យចំនួនដើមឈើសរុបដែលបានដាំមានចំនួន៤០០ដើម។ សកម្មភាពនេះ គឺជាការចូលរួមចំណែកក្នុងការបង្កើនភាពបៃតង កែលម្អបរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងតំបន់ជុំវិញ សូមចូលរួមថែរក្សា ស្រោចស្រព និងការពារកូនឈើទាំងនេះ ឱ្យបានលូតលាស់ល្អ ប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកបង្កើតបរិស្ថានបៃតង និងស្រស់ស្អាតសម្រាប់សហគមន៍ និងអ្នកទេសចរជាតិអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *