ចេញផ្សាយ៖ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា នាងខ្ញុំ មានអារម្មណ៍សប្បាយរីករាយពេលបានឃើញសមិទ្ធផលនានា ជាពិសេសឃើញកូនៗញ៉ាំអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់ក្នុងដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ ពិតណាស់ កូនៗគឺជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិ ហើយកាលដែលកូនៗទទួលបានការចិញ្ចឹមបីបាច់ល្អ និងទទួលបានការសិក្សាជ្រៅជ្រះនោះ ប្រទេសយើងក៏នឹងមានធនធានមនុស្សច្រើន កម្លាំងចលករសង្គមក៏ប្រកបដោយគុណភាព ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យរឹងមាំ រីកចម្រើនតរៀងទៅ។
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរផ្សេងៗ និងបងប្អូន ប្រជាពលរដ្ឋ ដែលរួមគ្នាដាំបន្លែបង្កាក្នុងសហគមន៍ ក្នុងសាលារៀន ប្រើប្រាស់ផលិតផលក្នុងសហគមន៍ ដើម្បីគាំទ្រជីវភាពកសិករ ផ្សារភ្ជាប់អាហារូបត្ថម្ភនិងការសិក្សារបស់កុមារ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ឱ្យពឹងផ្អែកលើខ្លួនឯង ហើយនាងខ្ញុំសូមគាំទ្រ និងសង្ឃឹមមុតមាំថា ចលនានេះនឹងបន្តជារៀងរហូត និងកាន់តែរីកសុះសាយបន្ថែមទៀត ៕

