ចេញផ្សាយ៖ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦
សៀមរាប៖ ពិធីដង្ហែព្រះសព និងពិធីរំលាយព្រះសព ព្រះតេជគុណ ណម ណៀម ជាអតីតព្រះគ្រូចៅអធិការវត្តត្រាច ត្រូវបានធ្វើឡើងនៅម៉ោង២:០០នាទីរសៀល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ព្រះគ្រូចៅអធិការ ហ៊ុល ហាត់ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ (ហៅវត្តត្រាច)បច្បុន្នបានមានថេរៈដីការឲ្យដឹងថា ពិធីដង្ហែនេះ ផ្ដើមចេញពីសាលាសំណាក់ភូមិគោកត្រាច ស្រុកប្រាសាទបាគង ឆ្ពោះទៅកាន់វត្តត្រាច ដែរស្ថិតនៅភូមិត្រាច សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានព្រះសង្សនិងពុទ្ធបរិស័ទចំណុះជើងវត្តនឹងពីខេត្តផ្សេងៗចូលរួមច្រើនកុះករផងដែរ។ ព្រះសព ត្រូវតម្កល់ទុករហូតដល់ថ្ងៃទី០២ ខែមីនា នៅវេលាម៉ោង៦:៣០នាទីយប់ នឹងធ្វើពិធីបូជាព្រះភ្លើងប្រគេនព្រះសព។
ព្រះគ្រូចៅអធិការ ហ៊ុល ហាត់ បានបញ្ជាក់ថា ព្រះតេជគុណ ណម ណៀម សុគតនៅឆ្នាំ២០២៤ ហើយព្រះសពបានតម្កល់ទុករយៈពេល២ឆ្នាំ ក្នុងវត្តត្តត្រាច ។ មកដល់ឆ្នាំ២០២៦នេះ ទើបព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងសាច់ញាតិព្រះសព មូលមតិគ្នារៀបចំពិធីបុណ្យបូជារំលាយព្រះសព។
គួររំលឹកថា ព្រះគ្រូ ណម នៀម ប្រសូត្រនៅថ្ងៃសុក ទី១០ ខែសីហា ឆ្នាំ១៩៦២ នៅភូមិគោកឫស្សី ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគងខេត្តសៀមរាប។ នៅជន្មាយុប្រមាណជា២០វស្សា ព្រះអង្គ បានសុំការអនុញ្ញាតពីឪពុកម្តាយទៅស្នាក់អាស្រ័យនៅក្នុងវត្តប្រាសាទចៅស្រីវិបុលយស្សកេរ្តិ៍ ដើម្បីបានរៀនសូត្រជាមួយព្រះសង្ឃ។ ការសិក្សាអក្សរសាស្ត្រខ្មែរ និងព្រះធម៌បានចេះដឹងសមរម្យល្មម ហើយកុលបុត្រខ្មែររូបនេះបានបួសក្នុងសំណាក់ព្រះពុទ្ធសាសនាជាភិក្ខុភាព ក្នុងព្រះជន្ម២៧ព្រះវស្សា និងបានឧបសម្បទាជាភិក្ខុភាវៈ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ១៩៨៩ នៅវត្តកេសរារាម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប។
ដោយសារលក្ខណៈចរិយាសម្បត្តិល្អ ព្រះអង្គទទួលបានការគោរព ស្រឡាញ់ ជ្រះថ្លាពីភិក្ខុសាមណេរផងគ្នា ទើបព្រះអង្គបានតំណែងជាព្រះគ្រូសូត្រក្នុងវត្តកេសរារាម។ បន្ទាប់មក ក្នុងព្រះវស្សាទី១៤ ព្រះគ្រូសូត្រ កុតបុញ្ញោ ឈាម នៀម ត្រូវបានគណៈមន្ត្រីសង្ឃពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ សម្រេចប្រកាសតែងតាំងឱ្យឡើងទីជាចៅអធិការវត្តត្រាច នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៣។ ក្នុងឋានជាព្រះចៅអធិការវត្ត ព្រះអង្គបានចូលរួមកសាងស្ថាបនានូវសមិទ្ធផលនានាជាច្រើន សម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិខ្មែរ។ រហូតឆ្នាំ២០២០ ព្រះអង្គបានបើកសាលាពុទ្ធិកបឋមសិក្សាចៅស្រីវិបុល មានសិស្សចំនួន៣០អង្គនាក់ តែដោយសារព្រះអង្គមានរោគពាធ ហើយគ្មានការជួយជ្រំជ្រែងសាលាបានផ្អាក ជាបណ្ដោះអាសន្ន ស្របគ្នានោះដែរព្រះអង្គបានបើកសាលាវង់ភ្លេងពិនពាតខ្មែរមួយវង់ដែលបានជួលគ្រូពីមន្ទីរវិចិត្រសិល្បៈមកបង្រៀន។
ព្រះសកម្មភាព និងស្តារព្រះហស្តរបស់ដែលបានរៀបរាប់ខាងលើនេះ ព្រះអង្គបានយកព្រះទ័យទុកដាក់ ចំពោះព្រះពុទ្ធសាសនា និងសង្គមជាតិខ្មែរយ៉ាងធំធេងក្រៃលេង។ មិនតែប៉ុណ្ណោះ ព្រះអង្គ ក៏ជាអ្នករអភិរក្សថែរក្សាសីលធម៌ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ខ្មែរបានយ៉ាងល្អផងដែរ៕STN

