ចេញផ្សាយ៖ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦
សៀមរាប៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ បន្ទាប់ពីកើតមានអំពើឃាតកម្មដ៏ឃោរឃៅមួយ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ នៅស្រុកប្រាសាទបាគង ដែលបានឆក់យកជីវិតកុមារតូចម្នាក់អាយុត្រឹមតែ ៥ ឆ្នាំ។
កុមាររងគ្រោះឈ្មោះ ដួង ពេជ្ជរ៉ា ត្រូវបានបាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ការបាត់ខ្លួនភ្លាមៗនេះ បានធ្វើឲ្យម្តាយរត់រកទាំងយប់ និងប្រញាប់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។
ក្រោយការស្រាវជ្រាវយ៉ាងម៉ត់ចត់ កំណត់អត្តសញ្ញាណជនសង្ស័យ បានគឺឈ្មោះ ឆេន សុខ អាយុ ២៨ ឆ្នាំ (ជាអតីតបងថ្លៃរបស់គ្រួសារសព) សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានធ្វើការនាំខ្លួនមុខសញ្ញាខាងលើមកសាកសួរចម្លើយតាមនីតិវិធី ។ អ្វីដែលធ្វើឲ្យមហាជនកាន់តែរន្ធត់ គឺការសារភាពរបស់ជនសង្ស័យ បានរៀបរាប់ថា ខ្លួនពិតជាបានបោកបញ្ឆោតកុមារ នាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែ បន្ទាប់មកប្រើកាំបិតចាក់ និងអារ កសម្លាប់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
មូលហេតុមិនគួរឲ្យជឿ គឺកើតចេញពីការខឹងសម្បារ និងគំនុំផ្ទាល់ខ្លួន ដោយជនសង្ស័យអះអាងថា ម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារខ្លួនបែកបាក់ ហើយគំនុំតូចមួយនេះ បានបម្លែងទៅជាអំពើឃាតកម្មដ៏អាក្រក់បំផុតនេះ។សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតវត្ថុតាងសំខាន់ៗ រួមមានម៉ូតូ និងទូរស័ព្ទដៃ និងកំពុងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងយកចិត្តទុកដាក់បំផុត ។
ករណីនេះជាដំណឹងដ៏ឈឺចាប់ និងជាការព្រមានដ៏ធ្ងន់ធ្ងរ ដល់សង្គមថា “គំនុំ និងអារម្មណ៍ខឹងសម្បារ” អាចបំផ្លាញជីវិតមនុស្សបានដល់កម្រិតដែលមិនអាចត្រឡប់វិញបាន ជាពិសេសនៅពេលជនរងគ្រោះគឺកុមារដែលគ្មានកំហុស ៕

