ចេញផ្សាយ៖ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦
សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបានក្រុមក្មេងទំនើង ជាបន្តបន្ទាប់ យោងតាម បណ្តឹងបរិហារ តាមរយះវីដេអូ ដែលបងប្អូនប្រជាពលរដ្ឋ ថតបាន សកម្មភាព ក្មេងទំនើង បង្ករហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប កាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ និងដោយអនុវត្ត តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌខេត្តសៀមរាប សហការជាមួយនគរបាលស្រុកជីក្រែង បានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើង ជាជនសង្ស័យ បន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៦ នេះ សមត្ថកិច្ចឃាត់បានចំនួន០៧ នាក់ (០២ ក្រុមផ្សេងគ្នា) រួមមាន៖ ទី១–ឈ្មោះ លុន សុលីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ស៊ីឈ្នួលបើករថយន្តដឹកគ្រឿងទេស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប (ប្រវត្តិទោស គ្មាន) ទី២–ឈ្មោះ លុន វុទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលបើករថយន្តដឹកគ្រឿងសំណង់មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន) ទី៣–ឈ្មោះ លន់ សុឃីម ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងកាត់សក់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិផ្លុង ឃុំពង្រក្រោម ស្រុកជីក្រែងខេត្តសៀមរាប (ប្រវត្តិទោស គ្មាន) ទី៤–ឈ្មោះ ខេង ឃា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិករោងពុម្ព មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិពង្រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន) ទី ៥–ឈ្មោះ សាន សីហា ភេទប្រុសអាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិសង្កែមានជ័យ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប(ប្រវត្តិទោស គ្មាន) ទី៦–ឈ្មោះ ងួន ប៊ុនណាត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៨ មានស្រុកកំណើតភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ១ ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ (ប្រវត្តិទោស គ្មាន) ទី៧–ឈ្មោះ ស៊ី សុសាន ហៅសើម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិពង្រ២ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន) របួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
មូលហេតុ ដែលបណ្តាល អោយមានហិង្សាកើតឡើង គឺដោយសារ ការសំឡឹងមុខឌឺដងគ្នា ក្នុងអំឡុងពេល ចូលរួមក្នុងពិធីឆ្លងចេត្រនៅចំណុចស្ពាននាគ (ស្ពានបុរាណ) ស្ថិតនៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បន្ទាប់ពីកម្មវិធីបានបញ្ចប់ ពួកគេ ក៏បើកម៉ូតូជាក្រុមៗ ដល់ចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ក៏កើតជាអំពើហិង្សាទៅវិញទៅមក និងត្រូវពលរដ្ឋ ថតជា វិដេអូ បង្ហោះតាមបណ្តាញសង្គម ។
វត្ថុតាង៖ ដែលនគរបាលជំនាញចាប់យកបានពីកន្លែងកើតហេតុ៖ រួមមានដុំឥដ្ឋ ចំនួន២ ដុំ, ដុំដី ចំនួន១ ដុំ អាវម៉ូតូដែលបាក់បែកចំនួន ១គូរ និងកញ្ចក់ម៉ូតូ ចំនួន១។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនមុខសញ្ញាសង្ស័យខាងលើ ជាលទ្ធផលរកឃើញវិជ្ជមានម្នាក់គឺឈ្មោះ ខេង ឃា ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។ ដោយឡែកចំពោះ បក្សពួកជនសង្ស័យ ដែលនៅ សេសសល់ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវស្វែងរកបន្តទៀត ៕STN

