កម្លាំងប្រជាការពាររៀបចំសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះចៅអធិការវត្តប្រាសាទគោកចក

ចេញផ្សាយ៖ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦

សៀមរាប៖ ក្រោយពីការចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត នៅលើទឹកដីប្រវត្តិ សាស្ត្រខេត្តសៀមរាប របស់កម្លាំងប្រជាការពាររៀបចំសណ្តាប់ធ្នាប់ សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាប ត្រូវបានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ ក្រោមវត្តមានរបស់លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប កាលពីរសៀល ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦ នៅវត្តប្រាសាទគោកចក

ក្នុងឱកាសនោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ បានមានថេរដីកាថា ការជួបសំណេះសំណាលសួរសុខទុក្ខ និង ផ្តល់ជាស្បៀងអាហារ ដើម្បីជួយ សម្រួលជីវភាពរបស់បងប្អូនប្រជាការពាររៀបចំសណ្តាប់ធ្នាប់ សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងមកនេះ គឺ ជាសកម្មភាពសប្បុរសធម៌និងជាការលើកទឹកចិត្តដ៏សំខាន់ ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពនៅមូលដ្ឋាន ព្រមទាំងបានសម្តែងនូវការដឹងគុណដែលបានខិតខំចំណាយកម្លាំងកាយកម្លាំងចិត្តរបស់បងប្អូនក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប ព្រះគ្រូវិចិត្រវង្សា បានកើតសសើរចំពោះបងប្អូនកម្លាំងប្រជាការពារដែលបានលះបង់ពេលវេលា ក្នុងការចូលរួមការងារសន្តិសុខជាមួយកងកម្លាំងសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋ  ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសអបអរសាទរនៅព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក្នុងនោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានផ្តល់នូវពុទ្ធឱវាទមួយចំនួន ដល់បងប្អូនប្រជាការពារទាំងអស់ ត្រូវធ្វើការកាត់បន្ថយនូវកាពិសារគ្រឿងស្រវឹង ក្នុងពេលចុះទៅបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋ នៅក្នុងកម្មវិធីផ្សេងៗ សំខាន់ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវ ដែលសិស្សឆ្លងកាត់ ពេលទៅនិងចេញពីសាលារៀន សកម្មភាពទាំងនេះ គឺជាកាយវិការសប្បុរធម៌មួយនៅក្នុងសង្គម ជាតិខ្មែរយើង

លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានថ្លែងថាវត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់សីលធម៌សង្គមនិងការចែករំលែក ការអភិវឌ្ឍជាតិជារួម លោកអភិបាលរងក្រុង ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលកន្លងមកគ្រប់សកម្មភាពរបស់ព្រះគ្រូ មិនត្រឹមតែជួយសម្រាលបន្ទុករបស់អាជ្ញាធរដែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱសថទិព្វជួយព្យាបាលផ្លូវចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់ជនងាយរងគ្រោះ ឲ្យមានកម្លាំងចិត្តតស៊ូក្នុងជីវិតបន្តទៀត។ ទាំងនេះជាសក្ខីភាពបញ្ជាក់ថា វត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែជា មជ្ឈមណ្ឌលចែករំលែក និង ជាទីពឹងផ្អែករបស់សង្គមជាតិ លោកបានគូសបញ្ជាក់ថា ប្រជាការពារ មានតួនាទីជាសេនាធិការឲ្យអាជ្ញាធរ មានសមត្ថកិច្ច ពោលគឺធ្វើសេនាធិការឲ្យប៉ុស្តិ៍រដ្ឋបាលសង្កាត់ ធ្វើសេនាធិការឲ្យចៅសង្កាត់ និង ធ្វើជាសេមាធិការឲ្យរដ្ឋបាលក្រុងសៀមរាបជាដើម ម៉្យាងទៀតពួកគាត់ស្ម័ត្រចិត្តចូលរួមជាមួយកម្លាំងសមត្ថកិច្ច ដើមី្បការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង ពិសេស ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត បានធ្វើឲ្យបរិយាកាសក្នុងក្រុងមានសណ្តាប់ធ្នាប់ល្អ និង ធានាបានសន្តិសុខ សុវត្ថិភាពបានល្អ ថ្វីស្បិតកម្លាំងប្រជាការពារទាំងអស់ ដែលគ្មានប្រាក់បៀវត្ស ប៉ុន្តែកន្លងមកបានខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីរក្សា សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ នៅក្នុងកម្មវិធីផ្សេងៗហើយកត្តាសំខាន់នោះបងប្អូនចូលរួមក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ក្នុងនាមអាជ្ញាធរដែនដីលោកអភិបាលរងក្រុងបានប្តេជ្ញានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃគ្រប់អង្គ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ STN

              ជន់ ពិទូ ភ្នាក់ងារខេត្តសៀមរាប

Leave a Reply

Your email address will not be published. Required fields are marked *