ចេញផ្សាយ៖ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
ខេត្តកំពត៖ យោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះថា មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ ឈ្មោះ ទេព សុខផេង ត្រូវបានចៅក្រមសើបសួរ លោក សេង ម៉ាឡាប ចេញដីការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត បន្ទាប់ពីបានប្រើអំពើហិង្សា ដោយយកកែវស្រាគប់ទៅលើប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួសបែកក្បាល។
ករណីនេះ បានបង្កការភ្ញាក់ផ្អើល និងមានការរិះគន់ពីមហាជនយ៉ាងខ្លាំង ពិសេសចំពោះអត្តចរិតមិនសមរម្យរបស់មន្ត្រីអនុវត្តច្បាប់ ដែលគួរតែជាគំរូល្អក្នុងការគោរពច្បាប់ និងការពារសុវត្ថិភាពសង្គម។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ យ៉ាងច្បាស់ថា មន្ត្រីនគរបាលគ្រប់រូប ត្រូវតែមានសីលធម៌វិជ្ជាជីវៈ និងប្រើអំណាចក្នុងក្របខ័ណ្ឌច្បាប់ មិនមែនប្រើអំណាចដើម្បីបង្កហិង្សា ឬគៀបសង្កត់លើប្រជាពលរដ្ឋឡើយ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាន ក៏កំពុងរៀបចំរបាយការណ៍ និងសំណើដាក់ទៅថ្នាក់លើ រួមមាន អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីពិនិត្យវិធានការបន្ថែម រួមទាំងការកាត់ឈ្មោះមន្ត្រីរូបនេះចេញពីក្របខ័ណ្ឌនគរបាលជាតិផងដែរ។
មហាជនបានលើកឡើងថា ករណីនេះ ជាសារ រំលឹកមួយដ៏សំខាន់ថា អ្នកអនុវត្តច្បាប់ ត្រូវតែគោរពច្បាប់ជាមុន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងសង្គមទាំងមូល៕

