អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការរៀបចំពិព័រណ៍វិទ្យាសាស្ត្ររបស់សិស្សានុសិស្ស បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបញ្ញាស្មារតី និងភាពច្នៃប្រឌិតរបស់កុមារ

ចេញផ្សាយ៖ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦

អាជ្ញាធរខេត្តសៀមរាប ការច្នៃប្រឌិតរបស់កុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍខួរក្បាល ជំនាញដោះស្រាយបញ្ហា និងអារម្មណ៍ ព្រោះវាអនុញ្ញាតឱ្យកូនៗបញ្ចេញគំនិតផ្ទាល់ខ្លួន និងស្វែងយល់ពីពិភពជុំវិញខ្លួនតាមរយៈការលេង សិល្បៈ ការសាងសង់ ឬសកម្មភាពផ្សេងៗដែលជំរុញឱ្យពួកគេគិតក្រៅក្របខ័ណ្ឌ ដែលវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបញ្ញាស្មារតី និងភាពច្នៃប្រឌិតរបស់កុមារ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិព័រណ៍វិទ្យាសាស្ត្រ ប្រចាំឆ្នាំរបស់សាលាវេសហ្កេតអន្តរជាតិ នៅផ្សារហើរីថេកវ៉ក ក្រុងសៀមរាប នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបន្តកសាង និងអភិវឌ្ឍ ធនធានមនុស្ស លើគ្រប់ផ្នែកប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយតបទៅនឹងសំណូមពរ នៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើន ជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យ ហើយដើរស្របជាមួយនឹងការរីកចម្រើននៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ទៀតថា ការរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងគោលដៅធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃសមិទ្ធកម្ម ក្នុងវិស័យអប់រំ សំដៅឆ្លើយតប ទៅនឹងយុទ្ធសាស្ត្របញ្ចកោណមុំទី១ ផ្ដោតលើការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមុំទី៥ ផ្តោតលើលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថលដែលជាកត្តាគន្លឹះ ដើម្បីនាំកម្ពុជាទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនិងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកស្រីអភិបាលរងខេត្ត បញ្ជាក់ថា ការរៀបចំពិព័រណ៍វិទ្យាសាស្ត្រនេះជារៀងរាល់ឆ្នាំ នេះបង្ហាញពីការបណ្ដុះគំនិតកុមារឱ្យមានច្នៃប្រឌិតកាន់តែថ្មី កាន់តែអស្ចារ្យ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ព្រោះការងារបច្ចេកវិទ្យា វិទ្យាសាស្ត្រនេះ គឺជាបំណិនមួយដែលយើងខ្វះមិនបាន ក្រៅពីចំណេះវិទ្យាមូលដ្ឋានដែលយើងកំពុងតែសិក្សារាល់ថ្ងៃ។ លើសពីនេះបំណិនភាសា បំណិនឌីជីថល បំណិនបែបវិទ្យាសាស្ត្រនេះ គឺជាបំណិនចាំបាច់ដែលទាមទារឱ្យប្អូនៗទាំងអស់គ្នាត្រូវតែមានចំណេះដឹងផ្នែកនេះ ដើម្បីក្លាយទៅជាមនុស្សមួយដែលមានបំណិនពេញលេញ ឬអាចនិយាយបានថាជាមនុស្សពេញលក្ខណៈ ដែលអាចចេះធ្វើការងារជាក្រុមនិងចេះចែករំលែកបទពិសោធដល់គ្នាទៅវិញទៅមកផងដែរ។

លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប បង្ហាញថា នេះជាឆ្នាំទី១២ ដែលសាលាបានរៀបកម្មវិធីពិព័រណ៍នេះឡើង ក្នុងគោលបំណងជំរុញឲ្យសិស្សានុសិស្សមានឱកាសក្នុងការបញ្ចេញសមត្ថភាពតាមរយៈការងារជាក្រុម ដែលពួកគេបានសហការគ្នាយ៉ាងល្អ នេះសបញ្ជាក់អោយឃើញថាសាលាកំពុងតែដើរតាមចក្ខុវិស័យនិងបេសកម្ម របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនដែលធ្វើយ៉ាងណាឲ្យសិស្សទាំងអស់មានចំណេះដឹងតាមមេរៀននីមួយៗ ដោយភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងរបស់ពួកគេ។ តាមរយៈកម្មពិធីថ្ងៃនេះ គឺជាចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងរឹងមាំនៃផ្នែកបំណិនជីវិតសម្រាប់បច្ចុប្បន្ន និងទៅអនាគត ជាពិសេសបង្ហាញឆន្ទៈ និងស្មារតីសាមគ្គីគ្នាជាធ្លុងមួយ ក្រោមគំនិតស្រាវជ្រាវឆ្នៃប្រឌិតដើម្បីបង្កើត បានជាគំរោង ឱ្យលេចចេញជារូបរាងឡើងនាពេលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *