រដ្ឋបាលខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងអនុសញ្ញា CEDAW

ចេញផ្សាយ៖ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

រដ្ឋបាលខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងអនុសញ្ញា CEDAW

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្ដីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់ការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី/CEDAW) ដែលវគ្គផ្សព្វផ្សាយនេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ២៥២៦ ខែឧសភា ឆ្នាំ២០២៦ក្រោមការដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍បើកវគ្គផ្សព្វផ្សាយ លោកស្រី ម៉ននី រង្សី ប្រធានក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្ត បានបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់ក្រុមការងារយេនឌ័រថ្នាក់ខេត្ត និងក្រុងស្រុក លើផែនការយុទ្ធសាស្រ្ត ស្ដីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ការរើសអើងប្រឆាំងនឹងនារីភេទ ដើម្បីជំរុញលើកទឹកចិត្តស្រ្តី និងបង្កើតបរិយាកាសមេត្រីភាព ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ស្រ្តីនៅកន្លែងបំពេញការងារ និងការអនុវត្តតួនាទី ភារកិច្ច ដើម្បីពង្រឹងការធ្វើសេចក្ដីសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម។

លោកស្រីប្រធានក្រុមការងារ ក៏បានណែនាំ និងក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំប្រឹងប្រែងត្រងត្រាប់ស្ដាប់ការចែករំលែកពីគ្រូឧទ្ទេស ក៏ដូចជាចូលរួមពិភាក្សាឱ្យបានសកម្ម និងពេញលេញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ថ្មីៗយកទៅធ្វើជាមូលដ្ឋានក្នុងការអនុវត្តការងារនៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកស្រីក៏ជំរុញឱ្យសិក្ខាកាមទាំងអស់ នាំយកចំណេះដឹងស្តីពីផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រី និងអនុសញ្ញា CEDAW នេះ ទៅផ្សព្វផ្សាយបន្តដល់មន្ត្រីរាជការ និងបុគ្គលិកនៅតាមបណ្តាក្រុងស្រុក និងឃុំសង្កាត់រៀងៗខ្លួន។ ជាមួយគ្នានេះ ក្រុមការងារយេនឌ័រខេត្ត នឹងចុះតាមដាន និងវាយតម្លៃជាប្រចាំលើវឌ្ឍនភាពនៃការតែងតាំងមុខតំណែងស្រ្តី នៅក្នុងរដ្ឋបាលក្រុងស្រុកនីមួយៗ ដើម្បីធានាឱ្យបាននូវសូចនាករដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ។

លោកស្រីបានសង្កត់ធ្ងន់ថា ការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង មិនមែនគ្រាន់តែជារូបភាព ឬជាការបំពេញតាមគោលការណ៍នោះទេ ប៉ុន្តែវាជាការបើកឱកាសពិតប្រាកដដល់ស្ត្រី ដែលមានសមត្ថភាព និងជាការលុបបំបាត់រាល់ទម្រង់ការរើសអើងឱ្យអស់ពីបរិយាកាសការងារ។ ក្នុងនោះរដ្ឋបាលក្រុងស្រុកទាំង១៣ ត្រូវតែមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការស្វែងរក និងបណ្តុះបណ្តាលធនធានមនុស្សជាស្ត្រី ដើម្បីត្រៀមលក្ខណៈតែងតាំងក្នុងមុខតំណែងដឹកនាំ និងគ្រប់គ្រង ស្របតាមសូចនាករកំណត់។ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តអនុសញ្ញា CEDAW ដោយមិនត្រូវឱ្យមានការរើសអើងបៀតបៀន ឬការមើលរំលងសមត្ថភាពស្ត្រី នៅក្នុងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិជាដាច់ខាត។ ក្រុមការងារយេនឌ័រខេត្ត នឹងបង្កើតប្រព័ន្ធតាមដានវាយតម្លៃ រួមទាំងតម្រូវឱ្យមានការរាយការណ៍អំពីវឌ្ឍនភាពស្ត្រីជាទៀងទាត់ ពីគ្រប់បណ្តាក្រុងស្រុក ដើម្បីធានាថាផែនការយុទ្ធសាស្ត្រនេះត្រូវបានអនុវត្តទៅមុខដោយជោគជ័យ និងមានផ្លែផ្កាពិតប្រាកដ៕

Leave a Reply

Your email address will not be published. Required fields are marked *