ចេញផ្សាយ៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦
សៀមរាប៖ សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈពីការដុតសំរាម សំណល់រឹងនិងសំណល់ប្លាស្ទិកនៅមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមការចូលរួម លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា ដើម្បីកែលម្អសោភ័ណភាពក្រុង ព្រមទាំងការគ្រប់គ្រងគុណភាពខ្យល់សំដៅធានាសុវត្ថិភាពបរិយាកាសក្នុងឱ្យខេត្ត ក្រសួងបរិស្ថានបានដាក់ចេញនូវច្បាប់លិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ក្នុងន័យឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថាន ធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែវិស័យបរិស្ថាន មិនអាចធ្វើតែឯងបាននោះទេ ដែលបញ្ហានេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងន័យថែរក្សា អនាម័យបរិស្ថាន សោភ័ណភាពខេត្តដើម្បីលើកម្ពស់មុខមាត់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញ ក្នុងនាមជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោកប្រធានមន្ទីរ ក៏បានអំពាវនាវឱ្យមានការផ្សព្វផ្សាយបន្តដល់អ្នកនៅជុំវិញខ្លួន ពីផលប៉ះពាល់ បញ្ហាប្រឈម និង ការចូលរួមថែរក្សា និងចូលរួមអនុវត្តវិធី៥យ៉ាង ជាពិសេសហានិភ័យពីការដុតសំណល់សំរាម ដើម្បីចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក។
លោក យុន លីនណេ បានកោកោតសរសើរដល់មន្ទីរបរិស្ថានខេត្ត លើការអនុវត្តការងារបរិស្ថាននាពេលកន្លងមក លើកិច្ចការងារភាពស្អាត និងភាពបៃតង ជាពិសេសការសហការជាមួយបណ្ដាមន្ទីរអង្គភាពនានា សំដៅធានាឱ្យមាននិរន្តរភាពបរិស្ថាន។ លោកយុន លីនណេ បានបន្ថែមថា អ្វីដែលជាបញ្ហាប្រឈមខ្លាំងបំផុតនោះគឺការដុតសំណល់សំរាម ប្លាស្ទិក សំណល់កសិកម្មនានា ដែលបាននិងធ្វើឱ្យភាគល្អិតតូចៗមិនល្អ លើបរិយាកាសមានការកើនឡើង នាំឱ្យមានហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ ជាពិសេសបង្កជាជំងឺមហារីកជាដើម៕

