គ្រោះធម្មជាតិរន្ទះបាញ់សម្លាប់ មនុស្ស៣នាក់ ក្នុងពេលតែមួយ នៅស្រុកបាកាន

ចេញផ្សាយ៖ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

គ្រោះធម្មជាតិរន្ទះបាញ់សម្លាប់ មនុស្ស៣នាក់ ក្នុងពេលតែមួយ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ ចូលរួមសោកស្តាយនឹងរំលែខទុក្ខដ៏ក្រៀមក្រមជាមួយក្រុមគ្រួសារនៃសពផង មានករណីគ្រោះធម្មជាតិដ៏គួរឱ្យរន្ធត់និងខ្លោចផ្សាមួយបំផុត បានកើតឡើងដោយ សារតែហេតុការណ៍រន្ទះបាញ់ បណ្តាលឱ្យជនរងគ្រោះ ចំនួន៣នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលពួកគេកំពុងបង្កបង្កើនផលស្រូវ ក្នុងរវដូវវស្សារបានឈានមកដល់ ករណីនេះកើតឡើងនៅវេលាម៉ោងប្រហែល ០៣នឹង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅចំណុចសួង ស្ថិតក្នុងភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ យោងតាមរបាយការណ៍បពីកន្លែងកើតហេតុ ជនរងគ្រោះទាំង៣នាក់ ដែលបានបាត់បង់ជីវិត មានចំនួន២គ្រួសារ រួមមាន៖ គ្រួសារទី១៖មានឈ្មោះ សេង គឹម ភេទប្រុស អាយុ៣៥ឆ្នាំ (ប្តី) និងប្រពន្ធឈ្មោះ ជួន ពិសី ភេទស្រី អាយុ៣៣ឆ្នាំ (កំពុងមានផ្ទៃពោះចំនួន៣ខែ) បន្សល់ទុកនូវកូនក្នុងបន្ទុក ចំនួន ២នាក់ (ស្រី១នាក់) ឱ្យនៅកំព្រាទាំងសោកសៅ គ្រួសារទី២៖ ឈ្មោះ ចាន់ សូយភេទប្រុស អាយុ៤២ឆ្នាំ បន្សល់ទុកភរិយាឈ្មោះ សឿ ហ៊ីម អាយុ៤១ឆ្នាំ និងកូនក្នុងបន្ទុក ចំនួន៣នាក់ (ស្រីទាំង៣នាក់)

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានចុះទៅព្រួសស្រូវនៅវាលស្រែ ចំណុចខាងជើងសួង។ ស្រាប់តែពេលនោះ មេឃមានការប្រែប្រួល ភ្លៀងធ្លាក់ និងមានផ្គររន្ទះយ៉ាងខ្លាំង បណ្តាលឱ្យរន្ទះបាញ់ ចំជនរងគ្រោះទាំង៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្ន សពជនរងគ្រោះទាំង៣នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រៀបចំប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ទាំងក្តីក្តុកក្តួលបំផុត។

ដំណឹងដ៏ក្រៀមក្រំនេះ ត្រូវបានលេចលឺដល់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយបានត្រៀមចាត់តំណាងពិនិត្យលទ្ធភាព ក្នុងការនាំយកអំណោយមនុស្សធម៌ ក៏ដូចជាការចូលរួមរំលែកទុក្ខ ជួយសម្រាលការលំបាកដល់ក្រុមគ្រួសារនៃសព ដែលកំពុងជួបការលំបាក និងបាត់បង់បង្គោលទ្រទ្រង់គ្រួសារ ព្រមទាំងមានកូនតូចៗ នៅក្នុងបន្ទុកជាច្រើននាក់។

ជាមួយគ្នានោះ អាជ្ញាធរមានសមត្ថកិច្ច ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងរដូវវស្សានេះ ដោយជៀសវាងការនៅក្នុងវាលទីវាលទំនេរ ឬក្រោមដើមឈើធំៗនៅពេលមានភ្លៀងធ្លាក់៕

Leave a Reply

Your email address will not be published. Required fields are marked *