ខេត្តសៀមរាប ត្រៀមរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅពាក់កណ្ដាលខែមិថុនា ជំរុញការផ្សព្វផ្សាយឱកាសការងារដល់យុវជន និងបងប្អូនចំណាកស្រុក

ចេញផ្សាយ៖ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦

ខេត្តសៀមរាប ត្រៀមរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅពាក់កណ្ដាលខែមិថុនា ជំរុញការផ្សព្វផ្សាយឱកាសការងារដល់យុវជន និងបងប្អូនចំណាកស្រុក

រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ គ្រោងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងឱកាសការងារជូនដល់សិស្ស និស្សិត យុវជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកនៅក្នុងខេត្ត។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដើម្បីពិភាក្សា និងផ្សព្វផ្សាយអំពីទិវានេះ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ គឺដើម្បីផ្សព្វផ្សាយដល់ពលករចំណាកស្រុកដែលបានវិលត្រឡប់មកក្នុងស្រុកវិញ ហើយវាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយដល់សិស្សានុសិស្ស ដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ទាក់ទាញយុវជន និងមាតាបិតាឱ្យស្គាល់ជំនាញវិជ្ជាជីវៈ បង្កើនកិច្ចសហការរវាងគ្រឹះស្ថាន TVET និងវិស័យឯកជន បង្កើតឱកាសការងារ និងកម្មសិក្សា និងបង្ហាញពីសមិទ្ធផល និងសក្ដានុពលរបស់សិស្សនិស្សិត និងប្រជាពលរដ្ឋចំណាកស្រុកផងដែរ។

លោក ឌី រ៉ាដូ បានបង្ហាញថា ក្រោយពីជម្លោះកម្ពុជាថៃ ត្រូវបានផ្អាក វាជាឱកាសល្អបំផុតសម្រាប់ផ្សព្វផ្សាយនូវការងារ សមិទ្ធផលនិងផលិតផលស្នាដៃខ្មែរ និងថែមទាំងជួយលើកស្ទួយ អភិវឌ្ឍន៍ និងពង្រឹងវិស័យសេដ្ឋកិច្ចជាតិដោយជួយកាត់បន្ថយការចំណាក់ស្រុក និងបន្តការសិក្សាដល់យុវជនជំនាន់ក្រោយឱ្យមានចំណេះ និងជំនាញ។ ក្នុងបរិបទបច្ចុប្បន្ន ការជំរុញឱ្យយុវជនមានជំនាញពិតប្រាកដ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការផ្តល់ជំនាញដល់យុវជនជំនាន់ក្រោយ មិនត្រឹមតែជួយឱ្យពួកគាត់មានប្រាក់ចំណូលសមរម្យក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេសដោយមិនចាំបាច់។ នេះក៏ជាឱកាសល្អបំផុតក្នុងការលើកស្ទួយផលិតផលស្នាដៃខ្មែរ ដែលកើតចេញពីការបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែមានទីផ្សារ និងការទទួលស្គាល់ផងដែរ។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នឹងធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រៅពីការផ្សព្វផ្សាយ ក៏នឹងមានការរៀបចំតាំងពិពណ៌នូវសមិទ្ធផលនិងផលិតផលច្នៃប្រឌិតនានា ដែលជាស្នាដៃផ្ទាល់របស់សិស្សនិស្សិតមកពីគ្រឹះស្ថានបណ្តុះបណ្តាលក្នុងខេត្តសៀមរាបផងដែរ។

យោងសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជន ឱ្យបាន យល់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងការជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ នៅឆ្នាំ២០២៦នេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ប្រារព្ធឡើងក្រោមប្រធានបទ TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១ គឺមនុស្សដោយបានផ្តោតសំខាន់លើការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ដើម្បីសម្រេចឱ្យបាននូវគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត

Leave a Reply

Your email address will not be published. Required fields are marked *